• (855) 31 393 8111
  • info@sstvonline.com

សកម្មភាពការប្រលេងកូនត្រី

News
March 03,2019

សកម្មភាពការប្រលេងកូនត្រី

ការ​នេសាទ​នៅកម្ពុជា​ ត្រូវ​បាន​បែងចែក​ជា​បី​ប្រភេទ៖ ខ្នាត​តូច ខ្នាតមធ្យម និង ខ្នាត​ធំ ឬអាជីវកម្ម។

នៅឆ្នាំ២០០១ ​ជាសនិទានភាពក្នុងការ​ដោះស្រាយ​ការ​នេសាទត្រីហួសកម្រិត​ និង​ជម្លោះ​រវាង​អ្នក​នេសាទ​ខ្នាត​តូច​ និង​អ្នកនេសាទខ្នាតធំ រដ្ឋាភិបាល​បាន​ធ្វើកំណែទម្រង់លើ​ការគ្រប់គ្រង និង​និយ័តកម្ម​ជលផល​របស់ខ្លួន។ វិធានការ​នេះ​ត្រូវ​អនុវត្ត​ជាពីរដំណាក់កាល។ លើកទីមួយ នៅឆ្នាំ២០០១ ឡូតិ៍​នេសាទ ៥៦%​  ដែល​ពីមុន​ត្រូវ​បានបែងចែកសម្រាប់​ឯកជន ត្រូវ​បាន​កំណត់​ថា​ជា​កន្លែង​នេសាទបម្រុង។ បន្ទាប់មកនៅ​ឆ្នាំ ២០១២ ឡូតិ៍​នេសាទទាំងអស់​ត្រូវ​បានបិទ ហើយ​សិទ្ធិ​ត្រូវ​បាន​ផ្តល់​ដល់​ប្រជាជនកម្ពុជា ​ដើម្បី​គ្រប់គ្រង​ធនធានជលផល​ធម្មជាតិក្នុង​តំបន់របស់​ពួកគេ តាមរយៈការ​បង្កើត​ជាសហគមន៍​​នេសាទ។​

ការគ្រប់គ្រង​ជលផលបច្ចុប្បន្ន ប្រឈមនឹងបញ្ហាជាច្រើនពាក់ព័ន្ធនឹង​បញ្ហា​អភិបាលកិច្ច។ កង្វះការ​ចូល​រួម​ពី​សហគមន៍​ ត្រូវ​បាន​មើលឃើញថា​ជា​បញ្ហា​មួយ​ក្នុងការ​អភិរក្សធនធានជលផល។ ​ទោះបីជា​មាន​ការ​ផ្តល់​ដែន​​នេសាទ​សម្រាប់ឱ្យ​សហគមន៍​ប្រើប្រាស់ក្តី​ ការនេសាទខុសច្បាប់​ និង​ជម្លោះ​នៅតែបន្តក្លាយ​ជា​បញ្ហា​ប្រឈម។

ការ​បង្កើត​សហគមន៍​នេសាទ ជា​ឧបករណ៍​មួយដែល​អាចកែលម្អ​ការគ្រប់គ្រង​ជលផល​ និង​​ធានា​សន្តិសុខ​ស្បៀង​ក្នុងស្រុក ត្រូវ​បាន​អនុវត្ត​ឡើងនៅ​កម្ពុជា​កាល​ពី​អំឡុង​ទសវត្សរ៍ឆ្នាំ១៩៩០។ យោងតាម ​របាយ​ការណ៍​​ប្រចាំឆ្នាំ​២០១៤ របស់ក្រសួង​កសិកម្ម​ ប្រទេសកម្ពុជា មាន​សហគមន៍នេសាទចំនួន ៥១៦ ដែលក្នុងនោះ សហគមន៍នេសាទ​ទឹកសាបមាន៤៧៧ សហគមន៍នេសាទ​ទឹកប្រៃមាន៣៩។ សហគមន៍​នេសាទចំនួន ៣៧០ ត្រូវ​បានទទួលស្គាល់​ដោយ​ក្រសួង​កសិកម្ម ខណៈដែលសហគមន៍ចំនួន ១៤ ផ្សេងទៀត​ កំពុង​ស្ថិតក្នុងសំណើសុំ​ចុះ​បញ្ជី ហើយ​ក្រៅពីនេះ​សហគមន៍ចំនួន ២៣ កំពុងស្ថិតក្នុង​ដំណើរការ​អនុម័ត​នៅថ្នាក់ក្រោមជាតិ។​3 ប្រការសំខាន់​នោះគឺ​ សហគមន៍​នេសាទមួយចំនួន ​មិនទាន់បាន​ការទទួល​ស្គាល់​ពីអាជ្ញាធរ​មូលដ្ឋាន​ឡើយ។

យោងតាម ច្បាប់​ស្តីពីជលផល​ឆ្នាំ២០០៦ បានចែងថាសហគមន៍នេសាទ សំដៅដល់​ដែននេសាទ​របស់​រដ្ឋ​ដែល​បានប្រគល់​ជូនសហគមន៍ ​ក្រោម​កិច្ចព្រមព្រៀង​រវាង​នាយខណ្ឌ​រដ្ឋបាល​​ជលផល​​ជាមួយ​សហគមន៍ ឬ​​ក្រុមប្រជាពលរដ្ឋរស់នៅក្នុង ឬក្បែរ​ដែននេសាទដែលពឹងផ្អែក​លើ​ការធ្វើ​នេសាទសម្រាប់ការ​ចិញ្ចឹម​ជីវិត និង​ការ​ប្រើប្រាស់​ជា​ប្រពៃណី ហើយ​ដែល​ធ្វើការគ្រប់គ្រង ឬ​ប្រើប្រាស់​​កន្លែង​នេសាទ​នោះ​ប្រកប​​ដោយ​និរន្តរភាព​។4

ក្នុង​ឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជាបាន​ចេញ ​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រ​ងសហគមន៍​នេសាទ ដើម្បីចែងពី​វិធាន​សម្រាប់​ការ​បង្កើត ការ​គ្រប់គ្រង និងការ​ប្រើប្រាស់​សហគមន៍នេសាទ​នៅកម្ពុជា។​ មានតែ​មធ្យោបាយ​នេសាទខ្នាត​តូចប៉ុណ្ណោះ​ដែលអាច​ប្រើប្រាស់​ក្នុង​សហគមន៍​នេសាទបាន។​ តាមច្បាប់​ សហគមន៍នេសាទ ត្រូវ​​ស្ថិតក្រោម​យុត្តាធិការ​ទូទៅ​របស់​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ទោះបីជាមាន​វឌ្ឍនភាពគួរ​ឲ្យកត់សម្គាល់​ក៏ដោយ ក៏​សហគមន៍នេសាទ​ នៅ​តែប្រឈមនឹង​បញ្ហា​មួយចំនួន ​ដូចជា កង្វះ​ការអនុវត្ត​ច្បាប់សមស្រប និងកង្វះ​សមត្ថភាព ការលើកទឹកចិត្ត និង​ប្រាក់ចំណូល​សម្រាប់​សមាជិក​សហគមន៍ដែល​ចូល​រួម​យ៉ាង​សកម្មក្នុង​ការ​គ្រប់គ្រង​សហគមន៍​នេសាទ​ប្រកប​ដោយ​និរន្តរ​ភាព។​​5

 

ចូលរួមចំណែកការពារទប់ស្កាត់បទល្មើសជលផលនិងព្រៃឈើជាតំបន់ព្រៃលិចទឹក និងជាជំរកត្រីពងកូន